Monday, April 3, 2017

វាស់​សមត្ថភាព​គ្នា​រវាង​ Galaxy S8/S8+ និង iPhone 7/7Plus មួយ​ណា​ខ្លាំង​ជាង​​ (លម្អិត)


នៅ​ទីបំផុត​​ Galaxy S8/S8+ ដែល​ជា​គូ​ប្រជែង​ថ្មី​របស់​ iPhone 7/7Plus ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ។ ជា​ធម្មតា​ពេល​គូ​ប្រជែង​ថ្មី​មួយ​​លេច​មុខ​ឡើង​គេ​តែង​យក​វា​ប្រៀប​ធៀប​នឹង​គូ​ប្រជែង​មួយ​ទៀត​ ដើម្បី​ចង់​ដឹង​ពី​ភាព​ខុស​គ្នា។ ត​ទៅ​នេះ​នឹង​​ប្រៀប​ធៀប​ខ្លះៗ​រវាង​ Galaxy S8/S8+ និង iPhone 7/7Plus៖
-ការ​រចនា
Galaxy S8/S8+ មាន​ការ​រចនា​ដោយ​​មាន​អេក្រង់​រាង​កោង​ទាំង​ខាង​មុខ​ និង ខាង​ក្រោយ​​ដែល​ងាយ​ស្រួល​ចាប់​កាន់។ ​​ផ្ទៃ​អេក្រង់​ខាង​មុខ​ជា​ចំណុច​ទាក់​ទាញ​ដ៏​ខ្លាំង​មួយ​របស់​ Galaxy S ជំនាន់​ថ្មី​​​នេះ​ដោយ​ស្ទើរ​វា​​តែ​គ្មាន​គែម​អេក្រង់​​ដែល​​ Samsung បាន​ហៅ​​ថា​ "Infinity Display”។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​បង្កប់​ប៊ូតុង​ Home លើ​ផ្ទៃ​អេក្រង់​យ៉ាង​ពិសេស​ទៀត​ផង។
សម្រាប់ iPhone 7/7 Plus វិញ​​នៅ​តែ​មាន​ការ​រចនា​តាម​ទម្រង់​ចាស់​ដូច​ iPhone 6/6 Plus និង iPhone 6s/6s Plus ដែល​គិត​ទៅ​មាន​រយៈពេល​ ៣ ឆ្នាំ​ហើយ​ដែល​ Apple ប្រើ​ទម្រង់​នេះ។ យ៉ាងណាក្ដី​ iPhone 7/7 Plus ក៏​មាន​ការ​កែ​ប្រែ​ការ​រចនា​រូបរាង​ខាង​ក្រៅ​ដោយ​ប្ដូរ​ទីតាំង​ខ្សែ​អង់តែន​​ទៅ​ដាក់​នៅ​គែម​ខាង​លើ និង គែម​ខាង​ក្រោម​នៃ​ទូរសព្ទ​វិញ និង​ មាន​ការ​ដក​រន្ធ​កាស 3.5 mm ​ចេញ។
-អេក្រង់
iPhone 7 មាន​អេក្រង់​ ៤,៧ អ៊ីញ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1334 x 750 ជា​មួយ​​ដង់ស៊ីតេ​ ៣២៦ ភីកសែល​/អ៊ីញ, មាន​វិមាត្រ​ ១៣៨,៣ x ៦៧,១ x ៧,១ ម.ម និង ទម្ងន់​ ១៣៨ ក្រាម។ ចំណែក Galaxy S8 មាន​អេក្រង់​ ៥,៨ អ៊ីញ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ដល់​​ 2960 x 1440 ជា​មួយ​​ដង់ស៊ីតេ​ ៥៧០ ភីកសែល​/អ៊ីញ, មាន​វិមាត្រ​ ១៤៨,៩ x ៦៨,១ x ៨ ម.ម និង ទម្ងន់​ ១៥៥ ក្រាម។
iPhone 7 Plus ឯណោះ​វិញ​មាន​វិមាត្រ​ ១៥៨,២ x ៧៧,៩ x ៧,៣ ម.ម, ទម្ងន់​ ១៨៨ ក្រាម និង​មាន​អេក្រង់ ៥,៥ អ៊ីញ​អាច​​​​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1920 x 1080 ជា​មួយ​​ដង់ស៊ីតេ​ ៤០១ ភីកសែល​/អ៊ីញ។ Galaxy S8+ មាន​អេក្រង់​ ៦,២ អ៊ីញ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ដល់​​ 2960 x 1440 ជា​មួយ​​ដង់ស៊ីតេ​ ៥២៩ ភីកសែល​/អ៊ីញ, មាន​វិមាត្រ​ ១៥៩,៥ x ៧៣,៤ x ៨,១ ម.ម និង ទម្ងន់​ ១៧៣ ក្រាម។
-ម៉ាស៊ីន
បន្ទះ​ឈីប​ Snapdragon 835 និង Exynos 8895 ជំនាន់​ចុង​ក្រោយ​បង្អស់​ត្រូវ​បាន​បំពាក់​ដំបូង​គេ​លើ Galaxy S8/S8+ ដោយ​សម្រាប់​ Snapdragon 835 ​​មាន​ទំហំ​តូច​ជាង​មុន ៣០%, លឿន​ជាង​មុន ២៧% និង​ ប្រើ​ថាមពល​តិច​ជាង​មុន​ ៤០%។ ចំពោះ​​ RAM មាន​ទំហំ​ 4 GB ជា​ទំហំ​ស្តង់ដារ ហើយ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ និង កូរ៉េ​អាច​មាន​ទំហំ​ដល់ 6 GB។
ចំណែក​ iPhone 7/7 Plus សុទ្ធ​តែ​មាន​បំពាក់​បន្ទះ​ឈីប​ A10 Fusion ដែល​មាន​ល្បឿន​លឿន​ជាង​បន្ទះ​ Chip លើ iPhone 6s ដល់​ទៅ​ ៤០% ហើយ​បើ​ប្រៀប​នឹង​បន្ទះ​ Chip​ iPhone ជំនាន់​​ទី​ ១ គឺ​លឿន​ជាង​ដល់​ទៅ​ ១២០ ដង។ RAM នៅ​លើ iPhone 7 មាន​ទំហំ 2 GB និង iPhone 7 Plus មាន​ RAM ទំហំ​ 3 GB។
- កាមេរ៉ា
​​​​​ ​​​​​iPhone 7 និង 7 Plus សុទ្ធ​តែ​មាន​កាមេរ៉ា​មេ​កម្រិត​ 12 MP ដែល​អាច​ចាប់​រូបភាព​នៅ​ទី​ងងឹត​បាន​ប្រសើរ​ជាង​ iPhone ជំនាន់​មុន​ ហើយ​កាមេរ៉ា​ខាង​មុខ​ក៏​​បាន​បង្កើន​ទំហំ​ដល់ 7 MP ផង​ដែរ។ យ៉ាងណាក្ដី​ផ្នែក​កាមេរ៉ា​ iPhone 7 Plus ពិសេស​បន្តិច​ដោយ​សារ​មាន​កាមេរ៉ា​ថែម​មួយ​គ្រាប់​ទៀត​​កម្រិត​ 12 MP ​ដែល​ជា​ប្រភេទ​ Telephoto អាច​​ថត​រូបភាព​នៅ​ចម្ងាយ​ឆ្ងាយ​បាន​ច្បាស់​ល្អ​ និង អាច​ប្រើ​មុខងារ​​​ថត​​ព្រាល​ផ្នែក​ខាង​ក្រោយ​បាន​ទៀត​ផង។ ​កាមេរ៉ា​មេ​របស់​ស្មាតហ្វូន​ទាំង​ពីរ​នេះ​ក៏​អាច​ចាប់​យក​វីដេអូ​ក្នុង​កម្រិត​ 4K បាន​ផង​ដែរ។
នៅ​លើ​ Galaxy S8/S8+ ​មាន​កាមេរ៉ា​កម្រិត​ 12 MP ​​ដែល​មាន​សមត្ថភាព​អាច​​ធ្វើ​ការ​ Focus វត្ថុ​ណា​មួយ​បាន​លឿន​ជា​ទី​បំផុត​ និង អាច​ចាប់​យក​រូបភាព​នៅ​ទី​ងងឹត​បាន​ល្អ។ កាមេរ៉ា​ខាង​មុខ​មាន​លក្ខណៈ​ពិសេស​ខុស​ពី​ត្រកូល​ S មុនៗ​ដោយ​មាន​កម្រិត​ដល់​ 8 MP ហើយ​ថែម​មាន​មុខងារ​ Focus បាន​លឿន​ដូច​កាមេរ៉ា​ក្រោយ​ដែរ។ ការ​ថត​វីដេអូ​ក៏​បាន​ថត​បាន​ក្នុង​កម្រិត​ដល់​ទៅ​ 4K ដូច​គ្នា។
- ប្រព័ន្ធ​ប្រតិបត្តិការ
Galaxy S8/S8+ មាន​ដំឡើង​មក​ស្រាប់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android Nougat 7.0 រួម​ជា​មួយ​ផ្ទាំង​ UI ថ្មី​របស់​ Samsung ដែល​​​បាន​ផ្លាស់​ប្ដូរ​រូបរាង​ Icon និង​ចំណុច​ដទៃ​ទៀត​​ឲ្យ​កាន់​តែ​ទាក់​ទាញ​ជាង​មុន។
​​​​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​បំផុត​របស់​ iOS គឺ​ iOS 10.3 ដោយ​ iPhone 7 និង 7 Plus សុទ្ធ​តែ​អាច​ដំឡើង​ទៅ​កាន់​​​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​បាន។ ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS ជំនាន់​ថ្មី​នេះ​ជួយ​ឲ្យ​ទូរសព្ទ​ដើរ​កាន់​តែ​រលូន​ជាង​មុន និង បង្កើន​ទំហំ​មេមូរី​ឲ្យ​ធំ​ជាង​មុន។
- ថាមពល​ថ្ម
Galaxy S8/S8+ បាន​បំពាក់​​ថ្ម​ដែល​មាន​ថាមពល​​កម្រិត​សុវត្ថិភាព​ដោយ​​មួយ​មាន​ទំហំ​ 3000 mAh និង ​មួយ​ទៀត​មាន​ទំហំ​ 3500 mAh។ ​​ថ្ម​ថាមពល​ប៉ុណ្ណេះ​​​គួប​ផ្សំ​នឹង​បន្ទះ​ឈីប​ជំនាន់​ថ្មី​ជួយ​ឲ្យ​ប្រើ​ប្រាស់​បាន​កាន់​តែ​យូរ។
​iPhone 7 និង 7 Plus មាន​ទំហំ​ត្រឹម​ 1960 mAh និង 2900 mAh ប៉ុណ្ណោះ។ ត្បិត​ថា​ទំហំ​នេះ​រាង​តូច​បន្តិច​ប៉ុន្តែ​តាម​ការ​ប្រើ​ប្រាស់​ជាក់ស្ដែង​គឺ​ថា​បាន​យូរ​គួរ​សម​មិន​ចាញ់​ស្មាតហ្វូន​ដែល​មាន​ថ្ម​ទំហំ​ធំ​ជាង​ប៉ុន្មាន​ឡើយ។
- តម្លៃ
នៅ​ទីផ្សារ​បរទេស​ Galaxy S8​ ដែល​មាន​ទំហំ​មេមូរី​ស្តង់ដារ​ 64 GB មាន​តម្លៃ​​ប្រហែល​ ៧៥០ ដុល្លារ និង S8+ តម្លៃ​ប្រហែល​ ៨៥០ ដុល្លារ។ ចំណែក​ iPhone ​វិញ​តម្លៃ​ខុស​គ្នា​ទៅ​តាម​ទំហំ​មេមូរី​ដោយ​ iPhone 7 ​នៅ​បរទេស​មាន​តម្លៃ​ចាប់​ពី​ ​៦៤៩ ដុល្លារ​ដល់​ ៨៤៩ ដុល្លារ និង iPhone 7 Plus តម្លៃ​ចាប់​ពី​ ​៧៦៩ ដុល្លារ​ដល់​ ៩៦៩ ដុល្លារ។
តាម​ការ​​ប្រៀប​ធៀប​ត្រួស​ៗ​ខាង​លើ​ឃើញ​ថា​​ស្មាតហ្វូន​ទាំង​ ៤ ម៉ូដែល​មាន​ចំណុច​ខ្លាំង​រៀងៗ​ខ្លួន​ដោយ​ Galaxy S8/S8+ អាច​យក​​ប្រៀប​លើ​ការ​រចនា​រូបរាង, អេក្រង់ និង ទំហំ​ថ្ម​​ជា​ដើម។ ចំណែក​ iPhone 7/7Plus ក៏​មាន​​កាមេរ៉ា​​ជា​ចំណុច​ខ្លាំង​ និង មាន​ម៉ាស៊ីន​ដែល​អាច​​ប្រជែង​គ្នា​បាន៕

No comments:

Post a Comment