៣ឆ្នាំជាប់គ្នាដែលតារាចម្រៀង និងកំប្លែងនាយ ចឺម បានចំណាយថវិកាផ្ទាល់ខ្លួនចន្លោះពី៤០០០ ទៅ ៥០០០ ដុល្លារធ្វើខួបកំណើតដើម្បីឲ្យតាយាយបានសប្បាយទាំងអស់គ្នា ស្ថិតនៅភូមិ ត្រាចកុក ឃុំ មហាឬស្សី ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ។
នាយ ចឺម បាននិយាយថា ធ្វើខួបកំណើត៣ឆ្នាំជាប់គ្នានេះមិនប្រាថ្នាចំណងដៃឡើយ អ្វីដែលសំខាន់គឺចង់ឲ្យលោកតាលោកយាយ និងបងប្អូនដែលរស់នៅក្នុងភូមិបានជួបជុំ ពិសាអាហាររួមគ្នាព្រមទាំងរាំលេងកម្សាន្តសប្បាយរីករាយ។
“ខ្ញុំធ្វើខួបកំណើតនេះធ្វើឲ្យសប្បាយៗ មិនគិតចំណងដៃចំណងអីទេបាទ បងប្អូនណាឲ្យចំណងដៃក៏ឲ្យមិនឲ្យក៏មិនអី ជាពិសេសគឺខ្ញុំអាណិតលោកតាលោកយាយពួកគាត់តែងតែចងចាំខួបកំណើតខ្ញុំរាល់ឆ្នាំឲ្យតែដល់ខែ មេសា ដឹងតែខួបកំណើតអាចឺម”។ នាយ ចឺម ថ្លែង។
ម្ចាស់បទ “អ្នកអត់សង្សារលើកដៃ” បានបន្តថា ជារៀងរាល់ឆ្នាំខួបកំណើតត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ខែមេសា ចំថ្ងៃបុណ្យចូលឆ្នាំខ្មែរតែម្ដង។ តែឆ្នាំនេះ នាយ ចឺម បានប្ដូរមកធ្វើនៅថ្ងៃទី៤វិញ ព្រោះនៅថ្ងៃទី១៤ ខាងមុខនេះត្រូវចេញទៅច្រៀង និងកំប្លែងនៅតាមខេត្តគ្មានពេលទំនេរប្រារព្ធខួបទេ។
ខួបកំណើតម្សិលមិញនេះ នាយ ចឺម ធ្វើគម្រប់អាយុ ២១ ឆ្នាំ ដោយបានអញ្ជើញភ្ញៀវកិត្តិយសឲ្យចូលរួមចំនួន៣០០ នាក់ក្នុងនោះមានអ្នកសិល្បៈជាច្រើននាក់ចូលរួមផងដែរ។ ឆ្លៀតក្នុងឱកាសនេះ នាយ បានចែកសំពត់ ក្រមា និងថវិកាមួយចំនួនដល់ពុកម៉ែបងប្អូនដែលរស់នៅក្នុងភូមិ៕
No comments:
Post a Comment