Saturday, April 15, 2017

៨ចំនុច គួរតែដឹង ពេលមានផ្គររន្ទះ ទោះនៅក្នុងផ្ទះ ក៏គ្មានសុវត្ថិភាពដែរ បើមិនចេះវិធីការពារ!

រដូវនេះ ជារដូវដែលមានភ្លៀងធ្លាក់រាយប៉ាយ ស្ទើរគ្រប់តំបន់ទូទាំងផ្ទៃប្រទេស ថែមទាំងមានលាយឡំទៅដោយខ្យល់កន្ត្រាក់ ផ្គរ រន្ទះ និងព្យុះ គួរឱ្យខ្លាច។ ពេលខ្លះរហូតធ្វើឱ្យយើងមានអារម្មណ៍ថា មេឃដូចជាកំពុងតែធ្លាក់ចុះមកយ៉ាងអញ្ចឹង។ បើជួបរឿងបែបនេះញឹកញាប់ គួរតែរកកន្លែងសុវត្ថិភាពបំផុត ដើម្បីការពារគ្រោះភ័យ នោះគឺការស្នាក់នៅក្នុង «ផ្ទះ»។ ក៏ប៉ុន្តែអ្នកប្រហែលជាធ្លាប់បានឮហើយមែនទេថា ផ្គររន្ទះបានបាញ់ចំផ្ទះនៅតំបន់មួយចំនួន។ ដូច្នេះទោះបីជាអ្នកស្នាក់នៅក្នុងផ្ទះខ្លួនឯងក៏ដោយ ក៏មិនប្រាកដថាអាច ការពារអ្នកឱ្យមានសុវត្ថិភាពល្អបំផុតពីព្យុះផ្គររន្ទះនៅខាងក្រៅបានដែរ។ ថ្ងៃនេះខ្មែរឡូត សូមធ្វើការណែនាំនូវវិធីសាស្រ្តខ្លះៗ ដើម្បីការពារសុវត្ថិភាពអស់លោកអ្នកពីផ្គររន្ទះ៖

1. បិទបង្អួចផ្ទះឱ្យជិត៖ ការបិទបង្អួចមិនត្រឹមតែជួយការពារ មិនឱ្យភ្លៀងសាចចូលប៉ុណ្ណោះទេ តែវាក៏ជារបាំងការពាររន្ទះបានមួយកម្រិតដែរ។
2. ជៀសវាងការប្រើទូរស័ព្ទគ្រប់ប្រភេទ៖ ការប្រើប្រាស់ទូរស័ព្ទដៃលេងហ្គេម ឬលេងអ៊ីនធឺណិត ខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀង មានផ្គរ រន្ទះ មិនមែនជារឿងល្អឡើយដែលអ្នកគួរធ្វើ។ អ្នកដឹងទេថា អង់តែនដែលអ្នកបានតភា្ជប់នៅខាងក្រៅផ្ទះបានធ្វើការចាប់យកនូវប្រព័ន្ធពីខាងក្រៅដើម្បីដំណើរការ ហើយប្រព័ន្ធនេះមានថាមពលអាចតភា្ជប់នឹងរន្ទះបាន។ ដូចនេះអំណាចនៃរន្ទះនៅលើមេឃអាចរត់ចុះតាមខ្សែបន្ទាត់ដែលតភ្ជាប់ទៅនឹងទូរស័ព្ទ ឬ កុំព្យូទ័ររបស់អ្នកបាន។ បើចង់មានសុវត្ថិភាពល្អសូមប្រុងប្រយ័ត្នចំនុចនេះជាពិសេស។  

3.បិទឧបករណ៍អគ្គិសនីគ្រប់ប្រភេទ៖ ជឿថានៅក្នុងផ្ទះអស់លោកអ្នកនីមួយៗមានឧបករណ៍អគ្គិសនីមិនតិចប្រភេទនោះទេ។ បើអ្នកមិនបិទវា ហាក់បីដូចជាបង្កភាពងាយស្រួលឱ្យចរន្តអគ្គីសនីទាំងក្នុង និងក្រៅ (រន្ទះ) មានការរត់ឆ្លងកាត់គ្នាបានយ៉ាងល្អ។ ពេលនោះផ្ទះលោកអ្នកងាយនឹងរងគ្រោះថ្នាក់ ជាយថាហេតុខ្លាំងណាស់។

4.កុំនៅក្បែរឧបករណ៍អគ្គីសនី៖ ប្រសិនបើអ្នកចង់បានការធានាសុវត្ថិភាព១០០% ពេលដែលមេឃភ្លៀងមានផ្គររន្ទះខ្លាំង អ្នកគួរតែធ្វើការស្នាក់នៅឱ្យឆ្ងាយពីឧបករណ៍ដែលមានចរន្តអគ្គីសនីទាំងអស់ដូចជាៈ ទូរស័ព្ទ  កុំព្យូទ័រ  វិទ្យុ  ទូរទ្សសន៍  ប្រីភ្លើង ឬខ្សែភ្លើង  និងឧបករណ៍ផ្សេងៗទៀតជាច្រើន។ 

5. នៅឱ្យឆ្ងាយពីវត្ថុដែលធ្វើឡើងពីដែក៖ ចំណុចនេះអ្នកច្បាស់ជាបានជ្រាបរួចមកហើយថា ឧបករណ៍ដែលធ្វើឡើងពីដែក អាចស្រូបយកកម្លាំងថាមពលអគ្គីសនីបានយ៉ាងល្អ។ ដូច្នោះដែរ អ្នកគួរតែកុំប៉ះពាល់ ឬនៅជិតវត្ថុទាំងនោះឱ្យសោះ ព្រោះថាវាអាចបង្កជាគ្រោះថ្នាក់ដល់អ្នកបានគ្រប់ពេលវេលា។ របស់ទាំងនោះមានដូចជា កាំបិត ពូថៅ ញញួរ កន្ត្រៃជាដើម និងវត្ថុប្រើប្រាស់ផ្សេងទៀតជាច្រើន....។

6.ដោះគ្រឿងអលង្ការដែលធ្វើពីលោហៈធាតុចេញពីខ្លួនឱ្យអស់៖ ប្រសិនបើនៅលើខ្លួនអ្នកមាននូវគ្រឿងអលង្ការប្រភេទនេះ សូមប្រញាប់រួសរាន់ដោះវាចេញជាបន្ទាន់ ហើយទុកដាក់នៅកន្លែងដែលមានសុវត្ថិភាព និងឆ្ងាយពីខ្លួនអ្នក។ អ្នកអាចនឹងនឹកស្មានមិនដល់ តែវាគឺជារឿងមួយដែលគួរតែប្រុងប្រយ័ត្នឱ្យបានល្អ។

7. ត្រៀមរៀបចំភ្លើងបំភ្លឺនៅក្នុងផ្ទះឱ្យបានត្រឹមត្រូវ៖ អ្នកអាចនាំយកពន្លឺភ្លើងពិល ឬពន្លឺភ្លើងទៀនមកប្រើប្រាស់ជំនួសពន្លឹភ្លើងអំពូលបាន នៅពេលដែលមានព្យុះផ្គររន្ទះធ្ងន់ធ្ងរ បង្កឱ្យមានការដាច់ចរន្តភ្លើងនៅក្នុងផ្ទះ។ ការប្រើពន្លឺភ្លើងពិល ឬទៀននេះគឺល្អបំផុត ព្រោះពន្លឺពិលមានចរន្តអគ្គិសនីតិច រីឯភ្លើងទៀន ឬចង្កៀងវិញវាគ្មានផ្ទុកនូវចរន្តអគ្គីសនីអ្វីបន្តិចសោះ។

8.ហាមជ្រកភ្លៀងនៅក្រោមដើមឈើ៖ នៅពេលដែលមានព្យុះរន្ទះ ហាមដាច់ខាតកុំរត់ទៅជ្រកនៅក្រោមដើមឈើណាមួយឱ្យសោះ ទោះនៅបរិវេណផ្ទះក៏ដោយ ព្រោះថាពេលខ្លះរន្ទះអាចនឹងបាញ់ដើមឈើទាំងនោះបានដោយស្មានមិនដល់ ដូច្នេះវាគ្មានសុវត្តិភាពទេសម្រាប់អ្នក។
កុំទុកចិត្តឱ្យសោះណា ទោះបីជានៅក្នុងផ្ទះក្តី ប៉ុន្តែគ្រោះថ្នាក់គឺមើលមិនឃើញនោះទេ វាអាចកើតឡើងបានគ្រប់ពេលវេលា ប្រសិនបើអ្នកមានភាពធ្វេសប្រហែស៕


Khmer Loard

No comments:

Post a Comment