កាលពី១៣ឆ្នាំមុន មានក្មេងប្រុសជំទង់ម្នាក់ឈ្មោះ លីនថុង។ ក្រោយលីនថុងរៀនចប់ថ្នាក់ឌីប្លូម ឪពុកគេក៏ចង់ឲ្យគេរៀនបន្តដល់បាក់ឌុប និងមហាវិទ្យាល័យ ប៉ុន្តែគេមិនចង់រៀនទៀតទេ។ ឪពុកគេខឹងខ្លាំងក៏ទះកំផ្លៀងគេមួយទំហឹង និងនិយាយថា "បើឯងមិនរៀនទេ ចេញពីផ្ទះតែម្ដងទៅ"។
គេមិនយំ គ្រាន់តែសម្លឹងមើលឪពុកទាំងភ្នែកក្រហម និងនិយាយថា "ចេញក៏ចេញ ហើយប៉ាកុំស្ដាយក្រោយឲ្យសោះ"។ និយាយចប់គេក៏ចេញពីផ្ទះបាត់ទៅ ដោយមិនស្ដាប់សំឡេងម្ដាយដែលខំស្រែកហាមគេពីក្រោយខ្នងយ៉ាងរន្ថើន។
រូបតំណាង
ភ្លៀងធ្លាក់ខ្លាំងនៅខាងក្រៅ ក្រោយពីកូនប្រុសចេញពីផ្ទះបាត់ទៅ ឪពុករបស់គេមានអារម្មណ៍សោកស្ដាយ ប៉ុន្តែក៏គិតក្នុងចិត្តថាបន្តិចទៀតកូននឹងត្រលប់មកដោយខ្លួនឯង។ គាត់អង្គុយចាំកូនប្រុសនៅមាត់ទ្វារពេញមួយយប់ រហូតមេឃជិតភ្លឺ ទ្រាំលែងបានក៏ចេញទៅតាមរកគេមកវិញ ប៉ុន្តែមិនត្រឹមតែតាមរកកូនប្រុសមិនឃើញ គាត់ថែមទាំងជួបគ្រោះថ្នាក់ខ្យល់គតាមផ្លូវ ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
កំឡុងពេលព្យាបាលខ្លួននៅមន្ទីរពេទ្យគាត់ក៏នៅតែគិតដល់កូនប្រុស ប៉ុន្តែក៏មិនបានដំណឹងអ្វីទាល់តែសោះ។ ទ្រាំមិនបានគាត់ក៏ចេញទៅតាមរកកូនប្រុសទាំងមិនទាន់ជាសះស្បើយ។ ជាថ្មីម្ដងទៀត គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតធ្លាក់ខ្លួនពិការជើងដើរលែងបាន។
១៣ឆ្នាំក្រោយមកក្នុងថ្ងៃដែលមានភ្លៀងធ្លាក់ម្ដងទៀត ក៏មានរថយន្តទំនើបមួយជិះចូលតម្រង់មកផ្ទះរបស់ត្រកូលលីន។ ដើមឈើទាំងឡាយនៅឈរកន្លែងដើម ស្របពេលកំឡោះរូបរាងស្អាតបាតម្នាក់ក៏ចុះមកពីរថយន្ត។ បុរសម្នាក់នោះគឺ លីនថុង។
ក្មេងប្រុសដែលរត់ចេញពីផ្ទះកាលពី១៣ឆ្នាំមុន រយៈពេល១៣ឆ្នាំពេញគេបានព្យាយាមពុះពារគ្រប់យ៉ាង ដោយប្រើទាំងកម្លាំង និងខួរក្បាលប្រឹងប្រែងធ្វើការរហូតក្លាយជាអ្នកមានទ្រព្យម្នាក់។ ១៣ឆ្នាំកន្លងមកនេះគេមិនបានទាក់ទងមកអ្នកផ្ទះសូម្បីតែម្ដង រហូតដល់ថ្ងៃនេះគេបានទទួលជោគជ័យ ក៏ប្រមូលលុយជាច្រើនមកបង្ហាញឲ្យឪពុកមើល។ គេរកលុយបានច្រើនមែនទែន ដែលអាចនិយាយបានថាឪពុកគេមិនដែលឃើញលុយច្រើនដល់ថ្នាក់នេះផងក៏ថាបាន។ គេគ្រាន់តែចង់ឲ្យឪពុករបស់គេដឹងថា មិនចាំបាច់រៀនខ្ពង់ខ្ពស់ក៏អាចទទួលជោគជ័យបានដែរ។
នៅពេលគេបើកទ្វារចូលក្នុងផ្ទះ ម្ដាយរបស់គេកំពុងអង្គុយនៅខាងក្នុង។ រូបភាពដែលបានឃើញនៅពេលនោះ ធ្វើឲ្យគេស្រក់ទឹកភ្នែកភ្លាមៗ និងឈរនៅស្ងៀមក្បែរមាត់ទ្វារ។ ម្ដាយរបស់គេបានឮសំឡេង ក៏សួរថា "អ្នកណាគេហ្នឹង?”
រូបតំណាង
លីនថុងឆ្លើយតបម្ដាយមួយៗទាំងអួលដើមកថា "ម៉ាក់ កូនត្រលប់មកវិញហើយ!”
ម្ដាយរបស់គេនៅស្ងៀម ឯទឹកភ្នែកក៏ហូរមកលើថ្ពាល់ទាំងគូរបស់គាត់ រួចក៏លើកដៃរាវរកកូន "ថុងកូនម៉ាក់ នេះកូនមែនឬមិនមែន?”
គេដើរចូលទៅរកម្ដាយ ហើយក៏ចាប់ដៃទាំងពីររបស់គាត់ "ម៉ាក់គឺខ្ញុំណាម៉ាក់ គឺខ្ញុំពិតមែន ភ្នែកម៉ាក់កើតអី?”
ម្ដាយរបស់គេនៅពេលនេះក្លាយជាមនុស្សពិការភ្នែកបាត់ទៅហើយ។ ចាប់តាំងពីគេចេញពីផ្ទះទៅ ម្ដាយរបស់គេយំរាល់ថ្ងៃ យំរហូតមានបញ្ហាភ្នែក នៅទីបំផុតក៏មើលអ្វីលែងឃើញ។
គេឱបម្ដាយយ៉ាងណែន ទាំងទឹកភ្នែកហូររហាម រួចក៏ព្យាយាមទប់សំឡេងនិយាយថា "ចុះប៉ា ប៉ានៅខឹងខ្ញុំទេម៉ាក់?”
"ប៉ាស្លាប់ហើយ...” ម្ដាយនិយាយទាំងដកដង្ហើមធំ។
បន្ទាប់ពីគេបាត់ខ្លួនទៅ ប៉ារបស់គេដែលជួបគ្រោះថ្នាក់រហូតត្រូវពិការជើងដើរលែងរួច មួយថ្ងៃៗតែងអង្គុយលើរទេះរង់ចាំកូនក្រោមដើមឈើនៅមុខផ្ទះ។ រាងកាយរបស់លោកកាន់តែខ្សោយទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ គាត់ទន្ទឹងមើលផ្លូវកូនប្រុសរយៈពេល ១២ឆ្នាំពេញ តែក៏មិនទទួលបានដំណឹងអ្វីទាល់តែសោះ។ ទីបំផុតគាត់ក៏លាចាកលោកទៅ។
មុនពេលស្លាប់ គាត់បានផ្ដាំម្ដាយរបស់គេឲ្យនិយាយប្រាប់គេថា "អូនសម្លាញ់ បងទ្រាំលែងបានទៀតហើយ បើថ្ងៃណាមួយកូនយើងត្រលប់មកវិញ ជួយប្រាប់គេផងថាបងសុំទោស បងមិនគួរទះកំផ្លៀងគេទេ សូមឲ្យគេលើកទោសឲ្យប៉ាផង"។
ក្រោយស្ដាប់ម្ដាយនិយាយចប់ គេក៏ទន់ខ្លួនលត់ជង្គង់ចុះលើកម្រាលឥដ្ឋ និងនិយាយទាំងទឹកភ្នែកហូរមិនឈប់ "ប៉ាអើយ កូនខុសហើយ...”។
មិនថាមានលុយឬគ្មានលុយ កូនៗត្រូវចំណាយពេលមើលថែឪពុកម្ដាយ មុនគ្រប់យ៉ាងយឺតពេល។ លុយអាចធ្វើឲ្យយើងមានក្ដីសុខផ្នែកផ្លូវកាយ តែសម្រាប់ផ្លូវចិត្ត បើគិតឲ្យជ្រៅ លុយគ្មានអ្វីសំខាន់នោះទេ ទោះរកមកបានច្រើនប៉ុណ្ណា បើមនុស្សដែលយើងចង់ឲ្យប្រើលុយនោះលែងនៅទៅហើយ តើវាមានន័យអ្វីទៀត? ស៊ូរស់នៅក្នុងជីវភាពសមល្មម ប៉ុន្តែមានភាពកក់ក្ដៅពេញលេញសម្រាប់សមាជិកគ្រួសារទាំងមូល ៕
ប្រភព Sabay
No comments:
Post a Comment