Saturday, April 8, 2017

លោកតាវ័យ៨០ឆ្នាំម្នាក់ សុខចិត្តចំណាយពេល៥៧ឆ្នាំ ថែទាំផ្នូរសព១៥នាក់ ដែលមិនធ្លាប់ស្គាល់គ្នាសោះ ព្រោះហេតុផលគួរឲ្យភ្ញាក់ផ្អើល

ចិន៖  វាគឺជាការសន្យាមួយ ដែលត្រូវអនុវត្តពេញមួយជីវិត។ លោកតា Miao Mingwen វ័យ៨០ឆ្នាំ បានចំណាយពេលជាង ៥៧ឆ្នាំ  ចាប់តាំងពីអាយុ៣២ឆ្នាំ  មើលថែទាំផ្នូរបុព្វបុរស ជាអ្នកចម្បាំងកាលពីសម័យអតីតកាលចំនួន១៥នាក់  ដែលលោកមិនដែលស្គាល់ ឬជួបពួកគេទាល់តែសោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧។

កាលពីជាង ៧០ឆ្នាំមុន ក្នុងសម័យសង្រ្គាម  ចិនបានតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុន នៅស្រុក Julu ខេត្តហឺប៉ី ភាគខាងជើងប្រទេសចិន  ដែលរងការវាយប្រហារដោយកងទ័ពជប៉ុនជាច្រើនដង  ហើយគេហៅថាសមរភូមិ Jubei និងជាការប្រយុទ្ធដែលត្រូវបានគេទទួលស្គាល់ថា ជាការប៉ះទង្គិចគ្នារន្ធត់បំផុតនៅក្នុងសង្គ្រាមនេះ។
ក្រុមទាហានជប៉ុន បានសម្លាប់អ្នកចម្បាំងជនជាតិចិន អស់ចំនួន ៥១នាក់ ប៉ុន្តែមានតែ សាកសព ៣៦នាក់ប៉ុណ្ណោះត្រូវបានក្រុមគ្រួសារនាំត្រឡប់មកផ្ទះវិញ ដោយសាកសពនៅសល់ត្រូវបានកប់នៅកន្លែងដែលពួកគេបានស្លាប់នោះ។

ផ្នូររបស់ពួកគេមិនមាននរណាម្នាក់នៅការពារ និងថែរក្សាឲ្យបានត្រឹមត្រូវឡើយ រហូតដល់ឆ្នាំ ១៩៦០ នៅពេលដែលលោក Miao ជាសមាជិកថ្មីថ្មោងក្នុងគណបក្សកុម្មុយនិស្តចិន បានស្ម័គ្រចិត្តទៅមើលថែទាំផ្នូរអ្នកចម្បាំងអនាមិក ទាំង១៥នាក់នោះ។ លោកតា Miao បានទៅលេងផ្នូរនោះ នៅរៀងរាល់ថ្ងៃបុណ្យប្រពៃណីចិនម្តងៗ និងបានបោសម្អាតផ្នូរ ដកស្មៅ និងថ្វាយផ្កា។
ហើយរៀងរាល់ថ្ងៃបុណ្យចូលឆ្នាំ និងឆេងម៉េង លោកតា Miao តែងតែនាំយកនំចំណីនិងស្រាសចិន ទៅសែននៅផ្នូរអ្នកចម្បាំងទាំង១៥នាក់នោះជានិច្ច។  លោកតាបាននៅមើលថែទាំផ្នូរ  អស់រយៈពេល ៥៧ឆ្នាំមកហើយ ក៏ព្រោះតែលោកសង្ឃឹមថា នៅថ្ងៃណាមួយ សាកសពទាំងនោះ នឹងត្រូវបានក្រុមគ្រួសារ នាំត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ។
បច្ចុប្បន្នលោកតា Miao គឺជាគ្រូបង្រៀនក្រៅម៉ោងនៅសាលាបឋមសិក្សាមួយចំនួន ក្នុងតំបន់របស់គាត់រស់នៅ ហើយលោកថែមទាំងបាននិយាយប្រាប់រឿងរ៉ាវនៃប្រវត្តិសាស្រ្តរបស់ប្រទេសចិន ទៅកាន់ក្មេងៗថែមទៀតផង ព្រោះលោកចង់ឱ្យក្មេងៗជំនាន់ក្រោយ ចងចាំវីរៈបុរសដែលបានលះបង់ជីវិតដើម្បីការពារប្រទេសជាតិ៕ 

ប្រភព : CGTN

No comments:

Post a Comment