ប្រទេស រុស្ស៊ី ប្រកាសភ្លាមៗថានឹងដំឡើងប្រព័ន្ធការពារមីស៊ីលនៅតាមមូលដ្ឋានយោធា ស៊ីរី ហើយពង្រឹងអំណាចកងទ័ព ស៊ីរី ដើម្បីឲ្យមានសមត្ថភាពអាចបាញ់ទម្លាក់យន្តហោះចម្បាំង ចំណែកនាវាកងទ័ពជើងទឹកប្រចាំតំបន់សមុទ្រខ្មៅរបស់ រុស្ស៊ី ក៏កំពុងធ្វើដំណើរទៅ ស៊ីរី ផងដែរ ។
ក្រសួងការពារជាតិ រុស្ស៊ី ចេញសេចក្ដីថ្លែងការណ៍មួយថា ដើម្បីការពារទីតាំងសំខាន់ៗក្នុងប្រទេស ស៊ីរី ត្រូវតែមានផែនការពង្រឹង និងធ្វើឲ្យប្រសើរដល់ប្រសិទ្ធភាពនៃប្រព័ន្ធការពារដែនអាកាសរបស់កងទ័ព ស៊ីរី ។ ទីក្រុង មូស្គូ ក៏ដូចជាអ្នកជំនាញផ្នែកយោធាជាច្រើនអះអាងថា ការវាយប្រហាររបស់ អាមេរិក បានត្រៀមលក្ខណជាយូរមកហើយ ព្រោះថា ដើម្បីបាញ់មីស៊ីលរហូតដល់ ៥៩ គ្រាប់ក្នុងពេលតែមួយយប់ ត្រូវការសិក្សា រៀបចំផែនការ ត្រៀមលក្ខណសម្រាប់បេសកកម្មហោះហើរ និងត្រូវហ្មត់ចត់ក្នុងការដំឡើងមីស៊ីលសម្រាប់ការបាញ់ពីនាវា ។
ក្រសួងការពារជាតិ រុស្ស៊ី បញ្ជាក់ថា ក្នុងចំណោមមីស៊ីលទាំង ៥៩ គ្រាប់ដែលបាញ់ចេញពីនាវាចម្បាំងពីរគ្រឿងរបស់ អាមេរិក នៅក្នុងសមុទ្រ មេឌីទែរ៉ាណេ មានតែមីស៊ីល ២៣ គ្រាប់ប៉ុណ្ណោះដែលបាញ់ចំគោលដៅ ប៉ុន្តែមិនបានបញ្ជាក់ថា តើមីស៊ីល ២៦ គ្រាប់ទៀតធ្លាក់នៅកន្លែងណាឡើយ ។ មីស៊ីលទាំងនោះបានសម្លាប់មនុស្សយ៉ាងតិច ៦ នាក់ បំផ្លាញយន្តហោះចម្បាំង MiG-23 ចំនួន ៦គ្រឿង បំផ្លាញទីតាំងរ៉ាដាមួយកន្លែង ឃ្លាំងមួយកន្លែង សាលាទាហានមួយខ្នង ប៉ុន្តែផ្លូវហោះហើររបស់យន្តហោះមិនទទួលរងការខូចខាតឡើយ។
No comments:
Post a Comment